សូមមេត្តាកុំមើលរំលងការរាគរូសរ៉ាំរៃ វាអាចជាផលរំខានក្នុងជីវិតរស់នៅប្រចាំថ្ងៃ!

សូមមេត្តាកុំមើលរំលងការរាគរូសរ៉ាំរៃ វាអាចជាផលរំខានក្នុងជីវិតរស់នៅប្រចាំថ្ងៃ!

ការរាគរ៉ាំរៃ ជាបញ្ហាមួយដែលក្រុមវេជ្ជបណ្ឌិតយើងតែងតែបានជួបប្រទះជាញឹកញាប់។ និយមន័យពិតប្រាកដនៃការរាគរ៉ាំរៃនេះ គឺជាការរាគដោយលាមកមានសភាពជ្រាយ (Semi liquide) ឬក៏ទឹកសុទ្ធ (liquide) ដែលមានរយៈពេលលើសពី២១ថ្ងៃឡើងទៅ។

Image may contain: 2 people, people sitting

ក) មូលហេតុ
កត្តាបង្កឲ្យមានការរាគរ៉ាំរៃគឺមានច្រើន ហើយពេលខ្លះគឺតម្រូវអោយមានការពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ ក៏ដូចជាបច្ចេកទេសវេជ្ជសាស្រ្តលក្ខណៈឯកទេសផងដែរដូចជាៈ
– ជំងឺរលាកពោះវៀនធំដោយមេរោគឆ្លង (colite infectieuse) ក្នុងនោះក៏មានជំងឺរបេងពោះវៀនធំផងដែរ
– ជំងឺរលាកពោះវៀនធំដោយគ្មានមេរោគឆ្លង (colite inflamatoire)
– ជំងឺខ្សោយពោះវៀន ឬពោះវៀនដើរខុសធម្មតា (troubles fonctionnels intestinaux)
– មានដុំសាច់ដុះនៅក្នុងពោះវៀនធំ (មហារីកពោះវៀនធំ)
– ជំងឺឡើងជាតិពុលនៃក្រពេញបំពង់ក (hyperthyroidie)
– ជំងឺរាគនៅលើអ្នកជំងឺអេដស៍ ដែលភាគច្រើនជាងគេនោះគឺបង្កឡើងដោយពពួកផ្សិតនៅពោះវៀនធំ
– ពពួកប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា អាមីប ជាដើម។ល។)
– វាក៏អាចបណ្តាលមកពីការពិសារឱសថមួយចំនួនផងដែរ (ជាពិសេសប្រភេទថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ល។)

No photo description available.

ខ) រោគសញ្ញា
រោគសញ្ញាដែលអាចមានអមមកជាមួយការរាគរូសរ៉ាំរៃមានៈ
– ក្តៅខ្លួន រងារញាក់
– ឈឺចុកចាប់ក្នុងពោះ
– លាមកមានលាយឈាម សំបោរ ឬខ្ទុះ
– ស្រកទម្ងន់លឿន និងខុសពីធម្មតា
– អស់កម្លាំង ល្ហិតល្ហៃ
– ស្លេកស្លាំង ចុះឬបាត់គ្រាប់ឈាមក្រហម
– មានដុំពោះ ដែលយើងអាចស្ទាបទៅប៉ះ
– ការខ្វះ ឬខ្សោះជាតិទឹក គឺយើងកម្រនឹងកើតមានណាស់ចំពោះការរាគរូសរ៉ាំរៃនេះ។ល។

No photo description available.

គ) ការធ្វើរោគវិនិច្ឆ័យ
ការរាគរ៉ាំរៃ យើងអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖
– ការសាកសួរដោយលំអិតអំពីប្រវិត្តិជំងឺ និងរោគសញ្ញាផ្សេងៗដែលអមជាមួយជំងឺ
– ការពិនិត្យឈាម និងលាមក
– ការពិនិត្យអេកូពោះ ឬក៏ការថតស្គេនពោះ (CT-Scan)
– ការបណ្ដុះមេរោគក្នុងលាមក (coproculture)
– ការឆ្លុះសុងមើលពោះវៀនធំ និងការវិភាគកោសិការបស់ពោះវៀនធំ (Coloscopie totale avec biopsie et anapath) គឺជាវិធីតែមួយគាត់សំរាប់ធ្វើរោគវិនិឆ្ឆ័យបានយ៉ាងល្អប្រសើរ ចំពោះករណីរាគរ៉ាំរៃនេះ។

ឃ) ការព្យាបាល
ចូលចងចាំដែរថា ការរាគរូសរ៉ាំរៃនេះវាមិនមែនជាជំងឺនោះទេ វាគឺជារោគសញ្ញាដែលបង្កឡើងដោយជំងឺ និងមូលហេតុដូចដែលបានជម្រាបជូនពីខាងលើ។ ដូច្នេះហើយចំពោះការព្យាបាលគឺតម្រូវឲ្យយើងដឹងមូលហេតុពិតប្រាកដថាមកពីអ្វី ហើយការព្យាបាលឲ្យចំមូលហេតុទាំងនោះហើយ ទើបជាការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងមានប្រសិទ្ធភាពខ្ពស់បំផុត។

“អ្នកជំងឺដែលមានរោគសញ្ញាដូចការរៀបរាប់ខាងលើ គួរគប្បីជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស និងជំនាញផ្នែក ថ្លើម-ក្រពះ-ពោះវៀន នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បទទួលបានរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលនូវសេវាព្យាបាលអោយបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។”

ជំងឺក្រិនថ្លើម!

ជំងឺក្រិនថ្លើម!

ជំងឺក្រិនថ្លើម គឺជាការខូចខាតនូវកោសិការថ្លើមដែលធ្វើអោយថ្លើមមិនអាចបំពេញមុខងាររបស់វាបានជាធម្មតា។

Image may contain: 1 person

ក) ជំងឺក្រិនថ្លើមបណ្តាលមកពីអ្វី?
នៅប្រទេសកម្ពុជាយើងជំងឺក្រិនថ្លើមបណ្តាលមកពីមូលហេតុចំបងចំនួនបីគឺ
– ជំងឺរលាកថ្លើមប្រភេទ B
– ជំងឺរលាកថ្លើមប្រភេទ C
– ការបរិភោគស្រារយៈពេលយូរ
– និងមូលហេតុផ្សេងទៀតដូចជាការរលាកថ្លើមដោយការប្រើប្រាស់ថ្នាំរយៈពេលយូរដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ដោយខ្លាញ់រុំថ្លើម ដោយលើសជាតិដែក ។ល។

Image may contain: one or more people and text

ខ) ជំងឺនេះមានរោគសញ្ញាបែបណា?
ជាទូទៅនៅដំណាក់កាលដំបូង ជំងឺក្រិនថ្លើមមានជារោគសញ្ញាអ្វីធំដុំនោះទេ បើយកចិត្តទុកដាក់យើងអាចឃើញអ្នកជំងឺមានភែ្នកពណ៌លឿងជាងធម្មតា។ ជំងឺក្រិនថ្លើមលេចចេញជារោគសញ្ញានៅពេលដែលជំងឺមានស្ថានភាពធ្ងន់ធ្ងរ រោគសញ្ញាទាំងនោះរួមមាន៖
– កើតលឿង
– សរសៃឈាមរាងដូចផ្កាយតូចៗនៅលើដងខ្លួន
– ទាចទឹក
– ក្អួតឈាម បត់ជើងធំមកមានឈាមឬលាមក៏ខ្មៅដោយមានការបែកសរសៃឈាមក្នុងបំពង់អាហារ
– វង្វេងបាត់ស្មារតីឬសន្លប់

គ) តើយើងអាចធ្វើរោគវិនិច្ឆ័យបានដោយរបៀបណា?
ការធ្វើរោគវិនិច្ឆ័យជំងឺក្រិនថ្លើមគឺពឹងផ្អែកលើការវិភាគទៅលើរោគសញ្ញារបស់អ្នកជំងឺនិងអេកូពោះ។ នៅដំណាក់កាលដំបូងការធ្វើរោគវិនិច្ឆ័យអាចមានការលំបាកដោយអ្នកជំងឺមិនមានរោគសញ្ញាច្បាស់លាស់ ការធ្វើរោគវិនិច្ឆ័យត្រូវពឹងទៅលើការធ្វើហ្វីប្រូស្គេន ឬការបូមយកកោសិការថ្លើមទៅពិនិត្យ។

Image may contain: food and text

ឃ) តើជំងឺក្រិនថ្លើមអាចព្យាបាលជាដែរឬទេ?
ជំងឺក្រិនថ្លើមមិនអាចព្យាបាលជាដាច់ទេ ថ្លើមដែលខូចខាតហើយមិនអាចត្រលប់មកធម្មតាវិញបានឡើយ។ ប៉ុន្តែការព្យាបាលត្រឹមត្រូវអាចធ្វើអោយអ្នកជំងឹមានការធូរស្រាល(ទាចទឹកអាចបាត់ទៅវិញ)។ ការតាមដានបានជាប់លាប់ អាចការពារការលាប់ឡើងវិញនៃទាចទឹក ការហូរឈាមដោយការបែកសរសៃឈាមតាមបំពង់អាហារ និងការពារមិនអោយមានការខូចខាតកោសិការថ្លើមបន្តទៀត។

ង) តើជំងឺក្រិនថ្លើមអាចព្យាបាលតាមរបៀបណាខ្លះ?
ការព្យាបាលជំងឺក្រិនថ្លើមចែកចេញជា២៖
១) ការពារនូវរាល់ផលវិបាកនៃជំងឺក្រិនថ្លើមដូចជាក្អួតឈាមដោយការបែកសរសៃឈាមតាមបំពង់អាហារ ទាចទឹកការវង្វេង ឬសន្លប់នូវពេលដែលមានការកើនឡើងខ្ពស់នូវជាតិពុលក្នុងឈាម ទាចទឹក និងមហារីកថ្លើម និងធ្វើការព្យាបាលនូវផលវិបាកទាំងនេះបើវាកើតមានឡើង ដូចជាការចងសរសៃឈាមតាមបំពង់អាហារដោយម៉ាស៊ីនអង់ដូស្កុបពី និងថ្នាំទប់កុំអោយហូរឈាមជាដើម។
២) ព្យាបាលមូលហេតុដែលធ្វើអោយថ្លើមក្រិនដូចជា បញ្ឍប់ការបរិភោគសូរា ព្យាបាលមេរោគថ្លើម B និង C

ច) តើជំងឺក្រិនថ្លើមអាចបង្ការបានដែរឬទេ?
ជាទូទៅជំងឺក្រិនថ្លើមអាចបង្ការបានដោយ រុករកមូលហេតុដែលបង្ករអោយមានការក្រិនថ្លើម និងព្យាបាលវាអោយទាន់ពេលវេលាមុននឹងថ្លើមមានការខូចខាតខ្លាំង និងបញ្ឈប់រាល់កត្តាប្រឈមដែលអាចធ្វើអោយមានការខូចខាតដល់កោសិការថ្លើមដូចជាបញ្ឈប់ការបរិភោគស្រាជាដើម។

«ប្រសិនបើលោក លោកស្រីសង្ស័យថាមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមមេត្តាអញ្ជើញមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ជៀសវាងផលវិបាកផ្សេងៗដែលអាចកើតមានឡើង។»

ចំណេះដឹងខ្លីៗ ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ!

ចំណេះដឹងខ្លីៗ ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ!

Image may contain: 1 person

១)អ្វីទៅជាជំងឺមហារីកពោះវៀនធំ?


ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលគេតែងតែជួបប្រទះជាញឹកញាប់ទៅលើមនុស្សដែលមាន អាយុលើសពី៥០ឆ្នាំ។ កត្តាជាច្រើនដែលបង្កអោយមានជំងឺមហារីកពោះវៀនធំរួមមាន៖
– ការបរិភោគសាច់ច្រើន
– អាយុលើសពី៥០ឆ្នាំ
– ផឹកស្រា
– ជក់បារី
– និងការប្រែប្រួលនៃហ្សែន
ជំងឺមហារីកពោះវៀនធំដែលបង្កមកពីការប្រែប្រួលនៃហ្សែន គឺអាចចំលងទៅអោយសមាជិកជំនាន់ក្រោយ ដែលធ្វើអោយជំងឺនេះក្លាយជាជំងឺតំណពូជ។

២)តើធ្វើយ៉ាងណាទើបដឹងថាអ្នកជំងឺមានជំងឺមហារីកពោះវៀនធំដោយសារហ្សែន?


ជាទូទៅការធ្វើរោគវិនិច្ឆ័យ គឺគេធ្វើការវិភាគរកបម្រែបម្រួលរបស់ហ្សែន។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់នៃជំងឺមហារីកពោះវៀនធំត្រូវតែធ្វើការវិភាគទៅលើហ្សែនទាំងអស់នោះទេ។ កត្តាមួយចំនួនអាចអោយយើងសង្ស័យថាអ្នកជំងឺមហារីកពោះវៀនដែលបណ្តាលមកពីបម្រែបម្រួល ហ្សែនដែលកត្តានោះរួមមាន៖
– អ្នកជំងឺមានបងប្អូន ឬឳពុកម្តាយបង្កើតមានមហារីកពោះវៀនធំ (យ៉ាងតិច២នាក់)
– អ្នកជំងឺមានអាយុតិចជាង ៦០ឆ្នាំ
– ការឆ្លុះពោះវៀនឃើញថាអ្នកជំងឺមានចំនួនដុំសាច់(ប៉ូលីព)ច្រើនជាង ១០០ ក្នុងពេលឆ្លុះពោះវៀន។

Image may contain: 1 person

៣)នៅពេលដែលជំងឺមហារីកពោះវៀនដែលបង្កមកពីហ្សែនត្រូវបានរកឃើញ តើកត្តាអ្វីខ្លះដែលគ្រួសារអ្នកជំងឺចាំបាច់ត្រូវធ្វើ?
យើងដឹងហើយថាជំងឺមហារីកពោះវៀនធំដែលបណ្តាលមកពីហ្សែន គឺជាជំងឺតំណពូជដូចនេះនៅពេលដែលរោគវិនិច្ឆ័យបានបញ្ជាក់ថាហ្សែនជាមូលហេតុបង្កអោយមានជំងឺមហារីក គ្រួសារអ្នកជំងឺចាំបាច់ត្រូវតែធ្វើការតាមដាន និងបង្ការដើម្បីរកអោយឃើញជំងឺនេះ នៅដំណាក់កាលដំបូងដើម្បីអោយការព្យាបាលមានប្រសិទ្ធភាពខ្ពស់។

៤)តើការតាមដានត្រូវធ្វើឡើងតាមវិធីណា?


វិធីតែមួយគត់ដែលអាចធ្វើអោយយើងអាចរកឃើញជំងឺមហារីកពោះវៀនធំនៅដំណាក់កាលដំបូង និងបង្ការជំងឺនេះបានគឺការឆ្លុះពោះវៀន។ ដោយសារការប្រឈមមុខខ្ពស់ទៅនិងការកើតមហារីកពោះវៀន ដូចនេះគ្រួសាររបស់អ្នកជំងឺទាំងអស់ ត្រូវតម្រូវអោយធ្វើការឆ្លុះពោះវៀន ១ទៅ២ឆ្នាំម្តង នៅពេលដែលពួកគេមានអាយុចាប់ពី២០ឆ្នាំឡើងទៅ អ្នកជំងឺអាចតម្រូវអោយមានការឆ្លុះក្រពះ និងការតាមដានជំងឺមហារីកស្បូនបន្ថែមក្នុងករណីចាំបាច់។ បើមិនមានការតាមដានអោយបានដិតដល់ នោះទេអ្នកជំងឺអាចនិងប្រឈមមុខក្នុងការធ្វើរោគវិនិច្ឆ័យយឺតយ៉ាវដែលអាចធ្វើអោយការព្យាបាល គ្មានប្រសិទ្ធភាព (មិនអាចជាសះស្បើយ)។

No photo description available.

៥)តើការព្យាបាលជំងឺមហារីកពោះវៀនដែលបណ្តាលមកពីហ្សែនគេធ្វើដូចម្តេច?


ជាទូទៅរបៀបនៃការព្យាបាលជំងឺមហារីកពោះវៀនគេធ្វើដូចគ្នាទៅនិងជំងឺមហារីកពោះវៀន ដែលបណ្តាលមកពីមូលហេតុផ្សេងទៀតៈ
– ការវះកាត់ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងករណីជំងឺនេះមិនទាន់មានការរីករាលដាល
– ក្នុងករណីជំងឺមានការរីករាលដាលទៅសរីរាង្គផ្សេងទៀត គឺគេត្រូវព្យាបាលដោយថ្នាំគីមី។ ក្នុងករណីនេះការព្យាបាលមិនអាចជាសះស្បើយឡើយ។
– ការឆ្លុះពោះវៀនជាវិធីសាស្ត្រមួយដែលអាចព្យាបាល និងបង្ការជំងឺមហារីកពោះវៀនបាន។ ការឆ្លុះពោះវៀនអាចអោយយើងកាត់យកចេញនូវដុំសាច់តូចៗដែលបម្រុង និងក្លាយជាជំងឺមហារីកបើ ដុំសាច់តូចៗទាំងអស់ត្រូវបានយកចេញអ្នកជំងឺអាចជៀសផុតពីជំងឺមហារីកពោះវៀនបាន។

ដូចនេះបើលោកអ្នកមានបងប្អូន និងគ្រួសារមានជំងឺមហារីកពោះវៀនធំ សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងស្វែងរកវិធីការពារកុំអោយមានការយឺតយ៉ាវក្នុងការព្យាបាលដែលអាចអោយមានគ្រោះថ្នាក់ដល់ជីវីត។